លោក Amorim ការពារអ្នកចាំទី Onana ទោះបង្កកំហុសនាំ Man Utd ស្មើ Lyon

 


ទោះបីជាអ្នកចាំទី Andre Onana បន្តកំហុសធ្វើឱ្យ Manchester United ស្មើ ​Olympique Lyonnais ២-២ ក្នុងការប្រកួតក្រៅទឹកដី ក្នុងជំនួបពានរង្វាន់ UEFA Europa League ក៏ដោយ ប៉ុន្តែលោក Ruben Amorim ចេញមុខការពារអ្នកចាំទីសញ្ជាតិកាមេរូន ថាវាជារឿងតែងកើតមានក្នុងពិភពលោកបាល់ទាត់។

គ្រាប់បាល់ស៊ុតបញ្ចូលទីបើកឆាករបស់ក្រុមម្ចាសផ្ទះ Lyon កើតចេញពីការទាត់បាល់ពិន័យ Free Kick យ៉ាងល្អពីសំណាក់កីឡាករ Thiago Almada ដែលបាល់នោះទំនងជាទាត់បញ្ជូនទៅមិត្តរួមក្រុម ប៉ុន្តែអ្នកចាំទី Onana បែរជាភ្លាត់ស្នៀតមិនអាចសង្គ្រោះបាល់នោះបាន។ ចំណែកគ្រាប់បាល់ទី២ ដែលសម្រេចបានដោយកីឡាករ ​Rayan Cherki តាមយកលទ្ធផលស្មើមកវិញ ជាការបន្ថែមបញ្ចូលទី ក្រោយពីអ្នកចាំទីសញ្ជាតិកាមេរូនសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Lyon រួចមក ប៉ុន្តែគេមិនអាចចាប់បាល់នោះបាន ធ្វើឱ្យគ្រាប់បាល់ភ្លាត់ចេញពីដៃ។

​គ្រាប់បាល់ ២គ្រាប់ របស់ក្រុមបិសាចក្រហម ធ្វើបានដោយខ្សែការពារវ័យក្មេង Leny Yoro នាទី៤៥+៥ ហើយគ្រាប់បាល់ទី២ ដែលហៀបនឹងទទួលបានជ័យជម្នះទៅហើយនោះ ជាការតែតបាល់បញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Joshua Zirkzee នៅនាទី៨៨។

ចាប់តាំងពីរដូវកាលមុនមកម្ល៉េះ គ្មានអ្នកចាំទីនៅក្នុងក្របខណ្ឌ Premier League ណាម្នាក់បានបង្កើតកំហុស និងចំណុចចន្លោះប្រហោង ដែលនាំឱ្យរបូតគ្រាប់បាល់ចូលទី ច្រើនជាងអ្នកចាំទី Andre Onana នោះឡើយ។ ទោះបីជាឃើញអ្នកចាំទីបង្កកំហុសជាថ្មី ដែលធ្វើឱ្យរបូតឱកាសឈ្នះ តែអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ នៅតែការពារកូនក្រុម ដោយអះអាងថានេះគឺជារឿងក្នុងបាល់ទាត់តែងកើតមាន។


បុរសវ័យ ៤០ឆ្នាំ បាននិយាយការងារ Onana ដូច្នេះថា៖«វាអាចកើតឡើងគ្រប់ពេល ប្រសិនបើអ្នកប្រកួតបាល់ទាត់ អ្នកបានលេងការប្រកួតជាច្រើន ដូច្នេះអ្នកអាចនឹងបង្កើតកំហុស។ ប្រសិនបើអ្នកមើលទៅទូទាំងរដូវកាល ខ្ញុំបានបង្កើតកំហុសច្រើនជាងពួកគេទៅទៀត អំឡុងប៉ុន្មានប្រកួតចុងក្រោយមកនេះ ហើយកាលពីខែមុន។ រឿងសំខាន់យើងគ្មានការប្រកួតច្រើនទៀតទេដើម្បីផ្លាស់ប្តូរ ដូច្នេះគឺយើងត្រូវតែផ្តោតអារម្មណ៍ឱ្យបានខ្លាំងបំផុត។»។

ស្មើការប្រកួតនៅទឹកដីបារាំង បន្តឱ្យ Man Utd រក្សាកំណត់ត្រាមិនចាញ់ក្នុងពានរង្វាន់ UEL ក្នុងរដូវកាលនេះ ខណៈការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Old Trafford។ លោក Amorim បានលើកឡើងពីការប្រកួតនៅទឹកដីអង់គ្លេសវិញ ថាក្រុម Man Utd នឹងផ្តល់គ្រប់យ៉ាងសម្រាប់អ្នកគាំទ្រ នោះគឺការដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញ ពានរង្វាន់ UEFA Europa League គឺជាផ្លូវតែមួយគត់សម្រាប់ក្រុម Man Utd ដើម្បីអាចមានឱកាស ទទួលបានកៅអីប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League នៅរដូវកាលក្រោយ ខណៈឱកាសទទួលបានកៅអីពីក្របខណ្ឌ Premier League បានរសាត់ឆ្ងាយរួចទៅហើយ៕

Comments