Arsenal បើកការពិភាក្សាកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធ Ethan Nwaneri


ប្រភពពី BBC បានអោយដឹងថា Arsenal នឹងពិភាក្សាជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Ethan Nwaneri អំពីកិច្ចសន្យារយៈពេលវែងថ្មី។

កីឡាករវ័យ១៨ឆ្នាំបានដើរតួយ៉ាងសំខាន់សម្រាប់ Arsenal ក្នុងរដូវកាលនេះ ហើយពួកគេមានបំណងផ្តល់រង្វាន់ដល់រូបគេជាមួយនឹងលក្ខខណ្ឌប្រសើរជាមុន។ កិច្ចសន្យាចាស់របស់ Nwaneri នឹងផុតកំណត់នៅចុងរដូវកាលក្រោយ។ បន្ទាប់ពីការមកដល់របស់លោក Andrea Berta ក្នុងតួនាទីជានាយកកីឡានោះ Arsenal បានចាប់ផ្តើមធ្វើការបន្តកិច្ចសន្យាដល់កីឡាករសំខាន់ៗរបស់ពួកគេ។


ខណៈដែលការផ្តល់ជូនជាផ្លូវការនៃកិច្ចសន្យាថ្មីមិនទាន់ត្រូវបានពិភាក្សានៅឡើយ តែក្លិបកាំភ្លើងធំបានផ្តួចផ្តើមការចរចាជាមួយអ្នកតំណាងរបស់ Ethan Nwaneri ក្នុងគោលបំណងរៀបចំការពិភាក្សាជាផ្លូវការដែលនឹងប្រព្រឹត្តទៅនៅពេលឆាប់ៗ។ Ethan Nwaneri អាចរំពឹងថា នឹងមានការកើនឡើងប្រាក់ឈ្នួលគួរអោយកត់សម្គាល់ ហើយការផ្តល់ជូនកិច្ចសន្យាថ្មីនេះដែរ នឹងឆ្លុះបញ្ចាំងពីភាពសំខាន់របស់កីឡាករអង់គ្លេស ជាកីឡាករដ៏ជោគជ័យបំផុតមួយរបស់បាល់ទាត់អឺរ៉ុប។

ការរីកចម្រើនជាបន្តរបស់ Nwaneri ក៏បានជួយដល់ក្រុមរបស់គ្រូបង្វឹកលោក Mikel Arteta អោយមានភាពរឹងមាំផងដែរ។ Ethan Nwaneri បានបង្ហាញខ្លួនចំនួន ៣១ ប្រកួតសម្រាប់ Arsenal ក្នុងរដូវកាលនេះ ដោយវត្តមានរបស់គេ ចំពេលដែលក្រុមកំពុងមានបញ្ហារបួសខ្សែប្រយុទ្ធជាច្រើនរូប។ តួយ៉ាង Bukayo Saka, Kai Havertz, Gabriel Martinelli និង Gabriel Jesus សុទ្ធតែខកខានការប្រកួតជាយូរមកហើយ។

ដោយឡែក ការវិលមកវិញរបស់ Bukayo Saka បន្ទាប់ពីអវត្តមានជិត៤ខែ ក្រោយរវះកាត់សរសៃពួរ ក៏មិនបានបណ្តាលអោយ Nwaneri ត្រូវមើលរំលងនោះទេ។ Nwaneri បានចាប់ផ្តើមការប្រកួត Premier League ទាំង២ប្រកួតចាប់តាំងពីការត្រលប់មកវិញរបស់ Saka ។

ដោយឡែក ក្រៅពីការដំណើរការចរចាកិច្ចសន្យាថ្មីជាមួយ Ethan Nwaneri ហើយ ក្លិប Arsenal ក៏កំពុងត្រៀមការចរចាបន្តកិច្ចសន្យាកីឡាករដុះដាលចេញពីថ្នាលយុវជនគឺខ្សែបម្រើ Myles Lewis-Skelly វ័យ១៨ឆ្នាំ។ Lewis-Skelly ក៏បានក្លាយជាតួអង្គសំខាន់សម្រាប់ Arsenal ក្នុងរដូវកាលនេះ ដែរ ។

ជាការពិតណាស់ Nwaneri និង Lewis-Skelly សុទ្ធតែមានសារៈសំខាន់ចំពោះអនាគតរបស់ Arsenal ។ នាយកកីឡាថ្មីលោក Andrea Berta ក៏កំពុងចង់រក្សាកីឡាករសំខាន់ៗផ្សេងទៀត អោយបន្តលេងយូរអង្វែងនៅកីឡដ្ឋាន Emirates ដោយគ្រោងពិភាក្សាបើកចំហជាមួយ Saka លើការបន្តកិច្ចព្រមព្រៀង ដែលដំណើរការរហូតដល់ឆ្នាំ ២០២៧ រួមនឹងការធានាអនាគតរបស់ William Saliba និង Gabriel ដែរ៕

Comments