ក្រុមកាំភ្លើងធំ Arsenal មានភាគរយខ្ពស់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥ បន្ទាប់ពីបានបំបាក់ក្រុមស្តេចស Real Madrid ដោយលទ្ធផល ៣ទល់នឹង០ ជើងទី១ វគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
ខ្សែបម្រើការពារសញ្ជាតិអង់គ្លេស Declan Rice រកបាន២គ្រាប់ និង១គ្រាប់ពីខ្សែបម្រើប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Mikel Merino សមល្មមផ្តល់កក់ក្តៅសម្រាប់ក្រុម Arsenal សម្រាប់ការប្រកួតជើងទី២ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដ្បិត Real Madrid ក្នុងនាមជាក្រុមការពារតំណែងជើងឯក និងជាក្រុមឈ្នះជើងឯក Champions League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពោល១៥លើកនោះ ត្រូវអវត្តមានខ្សែបម្រើការពារសញ្ជាតិបារាំង Eduardo Camavinga នៅការប្រកួតជើងទី២ ក្រោយទទួលបានកាតលឿង២ដងស្មើនឹងកាតក្រហមនៅនាទី ៩០+៤ ការប្រកួតជើងទី១។
យោងតាមស្ថិតិពីក្រុមហ៊ុនវិភាគបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោក Opta បានបង្ហាញថា Arsenal ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Mikel Arteta មានឱកាសរហូតដល់ ៩៦% បន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក Real Madrid ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Carlo Ancelotti ដែលមានត្រឹមតែ ៤%ប៉ុណ្ណោះ ទោះអ្វីៗនឹងត្រូវដឹងជាផ្លូវការនៅជើងទី២ នៅទឹកដី Santiago Bernabeu ទីក្រុងម៉ាឌ្រីដ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ។
Comments
Post a Comment