អ្នកគាំទ្រ PSG ស្រែកចំអកនិងជេរប្រមាថ Martinez អ្នកចាំទី Aston Villa


 
មុនពេលធ្វើដំណើរទៅកាន់បារាំង អ្នកចាំទីសញ្ជាតិអាហ្សង់ទីន ត្រូវបានកាសែតដ៏ល្បីរបស់បារាំង L’Equipe ចុះផ្សាយបង្ហាញពីការតុបតែងខ្លួនមុនធ្វើដំណើរទៅបារាំង ដោយ Martinez បានពាក់មួកបង្ហាញរូបសញ្ញាពានរង្វាន់កម្រិតតំបន់ និងពិភពលោក ដែលគេបានឈ្នះជាមួយនឹងជម្រើសជាតិអាហ្សង់ទីន។ និមិត្តសញ្ញាពានរង្វាន់ទាំងនោះ បានបិទពីលើរូបសញ្ញាសត្វមាន់ ដែលត្រូវបានគេចាត់ទុកថាជាតំណាងដល់បាល់ទាត់បារាំង ហើយរឿងនេះបានធ្វើឱ្យអ្នកគាំទ្របារាំងផ្ទុះកំហឹង។


ហេតុផលផ្សេងទៀត អំឡុងព្រឹត្តិការណ៍ World Cup 2022 វគ្គព្រ័ត្រ ក្រោយពេល Martinez រួមចំណែកសំខាន់សង្គ្រោះបាល់កាត់សេចក្តីជួយអាហ្សង់ទីនលើកពានកាលនោះ អ្នកចាំទីវ័យ ៣២ឆ្នាំ ក៏បានបង្ហាញកាយវិការឌឺដងសំដៅទៅកាន់ ​Kylian Mbappe ជាគូប្រជែង ពេលទទួលពានរង្វាន់។ ​Martinez ក៏បានឌឺដងគូប្រជែងថែមទៀតតាមរយៈធ្វើកាយវិការមិនសមរម្យ ពេលទទួលបានរង្វាន់ឯកត្តជនស្រោមដៃមាសថែមទៀត។

កាលពីរដូវកាលមុន ក្រោយតែពី Martinez បានសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រ ជួយនាំជ័យជម្នះដល់ Aston Villa ទម្លាក់ក្រុម Lille ចេញពីពានរង្វាន់ Europa Conference League រូបគេក៏បានរាំឌឺដងទៅអ្នកគាំទ្របារាំងផងដែ

ក្រោមហេតុផលទាំងនេះហើយ ដែលនៅពេលមានវត្តមានរបស់ អ្នកចាំទី Martinez លើទឹកដីបារាំង តែងតែបង្កឱ្យមានការមិនរីករាយពីសំណាក់អ្នកគាំទ្របារាំង ហើយពួកគេតែងតែស្រែកច្រៀងចំអក និងជេរប្រមាថលើអ្នកចាំទីអាហ្សង់ទីន។

ដោយឡែកក្នុងការប្រកួតជំនួប UCL វគ្គ ៨ក្រុមចុងក្រោយ Paris Saint Germain បានផ្តួល Aston Villa លទ្ធផល ៣-១ ដែលលទ្ធផលនេះក៏ធ្វើឱ្យអ្នកចាំទីអាហ្សង់ទីន មិនសូវជារីករាយ ខណៈការប្រកួតជើងទីមួយ ផ្តល់ឱកាសច្រើនដល់ជើងខ្លាំងបារាំងមានកម្លាំងចិត្តកាន់ខ្លាំងសម្រាប់ការប្រកួតជើងទី២ នៅសប្តាហ៍ក្រោយ៕

Comments